(រាជធានីភ្នំពេញ)៖ តាមរយៈការង្ហោះលើគណនីរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ ប្រកបរបររកស៊ី និងថែរក្សាបានវប្បធម៌ និងប្រពៃណីយ៉ាងផូរផង់របស់កម្ពុជា។
តើអ្វីទៅជាព្រឹត្តិ្កការណ៍ «សាទរកម្ពុជា» ?
ព្រឹត្តិ្កការណ៍ «សាទរកម្ពុជា» គឺជាព្រឹត្តិការណ៍ជួបជុំដ៏ធំមួយ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានកម្មវិធីចម្រុះជាច្រើនដូចជា ក្បួនដង្ហែរសាទរកម្ពុជាដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់, ការប្រគុំតន្រ្តី និងសម្ដែងសិល្បៈទស្សនីយភាពចម្រុះ, ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ, ល្បែងកំសាន្តទស្សវត្សរ៍ទី៨០, ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត, ការរាប់ថយក្រោយឆ្លងឆ្នាំសកល ជាមួយនឹងការបាញ់កាំជ្រួច រួមទាំងទស្សនីយ៍ភាពកម្សាន្តផ្សេងៗជាច្រើនទៀតផងដែរ។